មានប្រភពមកពី៖ khmerload.com
សំប៊ី៖ ឈុតឆាក ប្រយុទ្ធគ្នាមួយ បានកើតឡើង រវាងកូន សត្វដំរី អាយុ៨ ឆ្នាំមួយក្បាល ជាមួយតោញី ដែលកំពុងស្រេក ឃ្លានអាហារចំនួន ១៤ក្បាល នៅក្នុងឧទ្យានជាតិ មួយឈ្មោះ the South Luangwa National Park ដែលស្ថិតនៅប្រទេស សំប៊ី ទ្វីបអាហ្វ្រិក។ កូនដំរីខាង លើត្រូវ បានឡោមព័ទ្ធ ជុំជិតទៅ ដោយហ្វូង សត្វតោញី ដែលព្យាយាមហក់ខាំ លើខ្នង និង ជើងកូនដំរីនោះ ក្នុងបំណង ស៊ីជាចំនី។
បុរសម្នាក់ឈ្មោះ Jesse Nash ជាអ្នកកាសែតមក ពីទីក្រុង ញ៉ូវយ៉ក ដែលជាសាក្សីក្នុង ហេតុការណ៍នេះ បានឲ្យដឹងថា ការប្រយុទ្ធរវាង សត្វទាំង២ គឺចំណាយពេល អស់ជាង៣ នាទី ហើយពីដំបូងគឺ គាត់មានបំណង ចង់ទៅ ជួយដេញតោ ទាំងនោះចេញដែរ តែក្រោយមក លោកបាន ដកចិត្តទៅវិញ បន្ទាប់ពីគិតថា នេះគឺជាច្បាប់របស់ធម្មជាតិ។
“ពួកយើង នៅលើឡាន Jeep ហើយអង្គុយមើល ហេតុការណ៍នោះ យ៉ាងព្រួយបារម្ភ និង អន្ទះសារ វាគឺជា វដ្តជីវិត របស់សត្វ បើទោះជាពេលខ្លះវា ហាក់ដូចជា ឃោរឃៅ និងអយុត្តិធម៌បន្តិចមែន” លោក Nash បន្ថែមយ៉ាង ដូច្នេះ។ បន្ទាប់ពីរង ការខាំជុំជិត ពីតោ កូនដំរីនោះបាន ផ្លាស់ប្តូរទិសដៅយ៉ាងលឿន ពីការការពារខ្លួន ទៅជារត់ បោះពួយសំដៅទៅក្នុងទឹកបឹងវិញ ប្រហែលជាវាដឹងថា សត្វតោគឺមិន ចូលចិត្ត ទឹកនោះទេ ហើយតោ ក៏មិនខ្លាំងនៅក្នុងទឹក ដូចលើគោកនោះដែរ។
ក្រោយពី មិនអាចធ្វើអ្វី កូនដំរីបាន តោមេទាំង១៤ ក្បាលនោះ បានបញ្ឈប់ការ ប្រមាញ់ស៊ីកូនដំរី ហើយទៅចាប់ សត្វក្របី សំរាប់អាហារពេលល្ងាច របស់ពួកវា ជំនួសវិញ។ បុរសម្នាក់ ដែលជាអ្នក នាំផ្លូវភ្ញៀវ ទេសចរ ដើរព្រៃនៅទីនោះបាន សំដែងការភ្ញាក់ផ្អើល ថាគាត់ មិនដែលឃើញការ ប្រយុទ្ធណា ដូចការ ប្រយុទ្ធ រវាងតោ និង ដំរីលើកនេះទេ។ គាត់គិតថា កូនដំរីនោះ ប្រហែលជា ត្រូវងាប់ហើយ ព្រោះ តោ១៤ ក្បាល គឺវាច្រើនណាស់ តែគ្រប់យ៉ាង គឺខុសស្រឡះ បន្ទាប់ពី ដំរីអាច គេចខ្លួន រួចយ៉ាង សុវត្ថិភាព៕