ប្រភពមកពីៈhttp://news.sabay.com.kh
ការស្រលាញ់ចូលចិត្ត គួបផ្សំទេពកោសល្យពីកំណើតនាំឲ្យយុវតីមួយរូបបង្កើតបានស្នាដៃគំនូរតុក្កតាដ៏រស់រវើក។ គំនូរតុក្កតារបស់យុវតីរូបនេះ ទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពីបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា។
យុវតី កែ ឡាណេ បានឲ្យដឹងថា ការបង្កើតគំនូរតុក្កតានេះដោយសារចំណង់ចំណូលចិត្តតាំងពីក្មេង ដែលកញ្ញាជាអ្នកចូលចិត្តទស្សនាភាពយន្តគំនូរជីវចល ទើបធ្វើឲ្យកញ្ញាដក់ចិត្តនិងចាប់អារម្មណ៍លើសិល្បៈគំនូរតុក្កតានេះ។
យុវតីសិក្សាបញ្ចប់ជំនាញគណនេយ្យរូបនេះបន្តថា កញ្ញាចេះគូរគំនូរតុក្កតានេះមិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាលអីទេ ក្រៅពីព្យាយាមសិក្សាដោយខ្លួនឯង រៀនតាមអ៊ីនធឺណិតនិងតាម YouTube។
ការស្រលាញ់ចូលចិត្តបូកផ្សំការអំណត់ព្យាយាមសិក្សា បានធ្វើឲ្យឡាណេអាចបង្កើតស្នាដៃគំនូរតុក្កតាមួយ ដែលមានភាពរស់រវើកមិនចាញ់អ្នកដែលធ្លាប់ឆ្លងកាត់សាលាបណ្ដុះបណ្ដាលឬអ្នកអាជីពឡើយ។
យុវតីវ័យ ២៣ ឆ្នាំបន្តទៀតថា ការរៀនគូរដំបូងក៏មិនល្អដែរមានអ្នកសរសើរមានអ្នកបង្អាប់ ប៉ុន្តែអ្វីដែលសប្បាយចិត្តបំផុតគឺការបង្កើតបានស្នាដៃគំនូរមួយជារបស់ខ្លួនឯង។
សិល្បៈគំនូរតុក្កតារបស់ឡាណេ មានខ្លឹមសារបង្កប់សេចក្តីស្រលាញ់នៅក្នុងក្រុមគ្រួសារ គូសង្សារក៏ដូចជាផ្សារភ្ជាប់អត្តសញ្ញាណជាតិ។ ឡាណេ បានឲ្យដឹងថា គំនូររបស់កញ្ញាចង់បង្ហាញសេចក្ដីស្រលាញ់របស់ឪពុកម្ដាយ ទំនាក់ទំនងគូស្នេហ៍ និងក៏ផ្សារភ្ជាប់ទៅវប្បធម៌ជាតិដូចជាការស្លៀកពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិ។
ទាក់ទងការគំនូរបែបតុក្កតានិងគំនូរពិតៗមានភាពងាយស្រួលនិងខុសគ្នាយ៉ាងណា ឡាណេ បញ្ជាក់ថា សម្រាប់កញ្ញាគំនូរបែបតុក្កតាមានភាពងាយស្រួលជាង ពីព្រោះកញ្ញាអាចគូរតាមការស្រមើស្រមៃ តាមការចង់បាននិងការច្នៃប្រឌិតបន្ថែមដោយខ្លួនឯង។ ឯការគូរគំនូរជារូបពិតៗទាមទារការផ្ចិតផ្ចង់យ៉ាងខ្លាំង ដើម្បីបង្កើតគំនូរដែលដូចរូបខាងក្រៅពិតៗ។
កន្លងទៅនេះ ស្នាដៃគំនូរតុក្កតារបស់ឡាណេ ក៏ធ្លាប់យកទៅចូលរួមតាំងបង្ហាញក្នុងកម្មវិធីនានា ក៏ដូចជាបង្ហោះលើបណ្ដាញសង្គមនិង YouTube ដោយមានការចាប់អារម្មណ៍និងកោតសរសើរពីប្រិយមិត្តជាច្រើន។
ចុងក្រោយកញ្ញាអះអាងថា ទោះបីស្នាដៃគំនូររបស់កញ្ញាបានទទួលការគាំទ្រ ប៉ុន្តែកញ្ញានៅឃើញមានចំណុចខ្វះខាតជាច្រើនដែលត្រូវអភិវឌ្ឍបន្ថែមទៀត ដែលគោលបំណងកញ្ញាចង់នាំសិល្បៈគំនូរតុក្កតារបស់ប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសំឡេង និងមានការទទួលស្គាល់ទាំងនៅលើឆាកជាតិនិងអន្តរជាតិ។