ម៉​ន ភារ​ម្យ និង​ផា​ន់ គ្រាន់ រង់ចាំ​ស្វាគមន៍​ថៃ​នៅ​លើ​សង្វៀន SEATV

·   0

ប្រភពមកពីៈhttp://kohsantepheapdaily.com.kh

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២២ មីនា នា​ស​ប្ដា​ហ៍​នេះ កីឡាករ​កម្ពុជា​២​រូប គឺ ម៉​ន ភារ​ម្យ និង ផា​ន់ គ្រាន់ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ក្នុងស្រុក​នឹង​រង់ចាំ​ទទួល​ស្វាគមន៍​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEATV) ។ អ្នក​ទាំង​ពីរ​បាន​ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​ភ្ញៀវ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ពេល​រសៀល ដែល​ជា​ទូទៅ គឺ​ពី​រស​ប្ដា​ហ៍​មានការ​ប្រកួត​អន្តរជាតិ​ម្ដងនោះ ។
ការ​ប្រកួត​ដែល​មានការ​រំពឹង​ថា នឹង​កក្រើក​នេះ មានការ​ចាប់អារម្មណ៍​តាំងពី​មានការ​ប្រកាស​ថា កីឡាករ​រូប​ណា​ចូលរួម​ប្រកួត​នោះ​ទៅ​ទៀត ដោយសារ​តែ​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​រមែង​ទទួល​បានការ​កន្ត្រាក់​អារម្មណ៍​ខ្ពស់​ពី​អ្នក​ស្នេហា​វិស័យ​ប្រដាល់​នៅ​កម្ពុជា ។ ជា​ពិសេស​គ្រាន់តែ​ដឹង​ថា វត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ គឺជា​កីឡាករ​វ័យក្មេង ដែល​មាន​កម្រិត​ប្រកួត​ល្អ​នោះ​រឹតតែ​រុញ​ឲ្យ​មានការ​ចង់​តាមដាន ។ កីឡាករ​ម៉​ន ភារ​ម្យ គឺជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​នៅ​ក្នុង​ក្លិប​ព្រែក​ឯង​កីឡា ដែល​មានឈ្មោះ​បោះ​សំឡេង​នា​ពេល​ចុង​ក្រោយ បើ​ទោះជា​លោក​ហាក់​បាត់​មុខ​មួយ​រយៈ​ព្រោះតែ​ហេតុផល​ផ្ទាល់ខ្លួន ។ កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា ល្អ​កែង ម៉ាត់ និង​ទាត់​ឆ្វេង​ស្ដាំ ។
ក្នុង​នោះ​ក៏​មានការ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​មុន​នឹង​មានការ​ផ្គូផ្គង​ផង​ដែរ​សម្រាប់​ភាគី​ខាង​កម្ពុជា ។ លោក​ម៉ាង ម៉​ន ជា​គ្រូបង្វឹក​បាន​អះអាង​ថា កាលពី​មួយ​រយៈ​មុន ម៉​ន ភារ​ម្យ មិន​បាន​ហ្វឹកហាត់​ជាប់លាប់​ទេ ទើប​មិន​អាច​ឲ្យ​លោក​ផ្ដល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​សម្រាប់​ពេល​នេះ​លោក​មាន​ទំនុកចិត្ត​ដោយសារ​តែ​សិស្ស​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត និង​ភាព​សកម្ម​ក្នុង​ការ​ហ្វឹកហាត់​បាន​ល្អ​ប្រសើរ ។ ក្នុង​នាម​ជា​គ្រូបង្វឹក​លោក​ជឿ​ភាគច្រើន​ថា ម៉​ន ភារ​ម្យ នឹង​ឈ្នះ​ការ​ប្រកួត ទោះ​មិន​ទាន់​សិក្សា​ពី​ដៃគូ​ដែល​ត្រូវ​ប៉ះ​គ្នា​គ្រប់គ្រាន់​ក្តី ។ ទោះបី​យ៉ាងណា កម្រិត​នៃ​ការ​ត្រៀម​ទុក​មិនមែន​ជា​អ្វី​ដែល​មហាជន​យល់​ស្រប​តាម​នោះ​ទេ ក្នុង​ពេល​ដែល​អ្នក​រៀបចំ​កម្មវិធី​ក៏​អះអាង​ថា ដៃគូ​ដែល​មក​ប្រកួត​ជាមួយ មិនមែន​បាវ​សាក់ ឬ​ជា​កីឡាករ​ថ្មីថ្មោង​ក៏​ទេ​ដែរ ។
ប្រភព​ពី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រាប់​ថា គូប្រកួត​របស់ ម៉​ន ភារ​ម្យ ឈ្មោះ Khum Lek ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​បាន​៤៥​លើក ឈ្នះ​៤០​លើក និង​ចាញ់​តែ​៥​លើក​ប៉ុណ្ណោះ​នៅ​លើ​សង្វៀន​ប្រទេស​ថៃ ។ កីឡាករ Khum Lek ក៏​ត្រូវ​គេ​អះអាង​ថា ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដែល​ភាគី​ខាង​កម្ពុជា មិនមែន​គ្រាន់តែ​រំពឹង ហើយ​អាច​ឈ្នះ​ដោយ​ស្រួល​ដូច​មាត់​នោះ​ឡើយ ។ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​រាល់​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​មួយ​នេះ ប្រាប់​ថា Khum Lek នៅ​ប្រទេស​ថៃ​ត្រូវ​ចាត់ទុកជា​ជើង​ថ្មី​មែន ប៉ុន្តែ​គេ​ជា​ជើង​ថ្មី​ដែល​មាន​សមត្ថ​ភាពល្អ និង​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ ។ ទោះ ម៉​ន ភារ​ម្យ​ឆ្លងកាត់​ការ​ប្រកួត​បាន​ដល់​៥៥​លើក ឈ្នះ​៤៥​លើក និង​ចាញ់​១០​លើក ដែល​អាច​និយាយ​បាន​ថា មានបទពិសោធន៍​ល្អ​ជាង ក៏​លោក​នៅ​តែ​មិន​យល់​ស្រប​ថា ងាយ​ស៊ី​កីឡាករ Khum Lek នោះ​ឡើយ ។ ស្រួល​មិន​ស្រួល Khum Lek នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ស្ពាយ​មោទនភាព​បន្ទាប់​ពី​ការ​ប្រកួត​នោះ​ផង ។ យ៉ាងណា​ក៏​ដោយ មាន​តែ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ដែល​អាច​អារកាត់​សម្រាប់​លទ្ធផល​ជាក់លាក់​ចុង​ក្រោយ ដោយ​មិនមែន​គ្រាន់តែ​សំអាង​លើ​កត្តា​នេះ ឬ​ហេតុផល​នោះ ហើយ​ដៅ​លទ្ធផល​ចេញ​ទៅ​កើត​នោះ​ទេ ។
សម្រាប់​កីឡាករ​ផា​ន់ គ្រាន់ វិញ​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Cheang Kai ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ វត្តមាន​របស់​អ្នក​ទាំង​ពីរ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​គូ ម៉​ន ភារ​ម្យ ទៅ​ទៀត ដោយសារ​ភាគី​ខាង​កម្ពុជា គឺជា​កីឡាករ​ល្បីឈ្មោះ និង​មាន​ក្រេ​ឌី​ត​ល្អ​សម្រាប់​មហាជន​ខ្មែរ ។ គ្រាន់តែ​ឮ​ថា ផា​ន់ គ្រាន់ ឡើង​ប្រដាល់​ជា​ថ្មី មានការ​ដាក់​សំណួរ​ភ្លាម​ៗ​ថា កីឡាករ​មក​ពី​ប្រទេស​ថៃ ជា​កីឡាករ​កម្រិត​ណា ព្រោះ​បើ​ត្រឹមតែ​ជា​កីឡាករ​ធម្មតា ពិតជា​ស្ពាយ​ការ​បរាជ័យ​ទៅ​វិញ​ដោយ​ចៀស​មិន​ផុត បើ​ទោះជា​ស្ថានភាព​រស់នៅ និង​ការ​ហ្វឹកហាត់​របស់​ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​ដោយសារ​តែ​រឿង​ចំណូល​រកបាន​ក្តី ។ ជា​បទ​ពិសោធន៍ កីឡាករ​ផា​ន់ គ្រាន់ កម្រ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ឆ្លង​ដែន​ដល់​ទឹក​ទី​៥​ណាស់ ហើយ​បើ​ទោះជា​បាន​ឈ្នះ​ពិន្ទុ ក៏​មាន​ន័យ​ថា ដៃគូ​ដែល​លោក​ប៉ះ​ប្រកួត ជា​កីឡាករ​លំដាប់​ជួរ​មុខ​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ដែរ​។ សំអាង​លើ​កណ្ដាប់ដៃ​មហា​ទម្ងន់ និង​កែង​បក​ប្រៀប​ដូច​លើក​ញញួរ​ទម្ងន់​១០​គីឡូ​សំពង​លើ​ដៃគូ កីឡាករ​កម្ពុជា​រូប​នេះ​កម្រ​បណ្ដោយ​ឲ្យ​ដៃគូ​គេច​ផុត​ខ្លាំង​ណាស់ ទើប​មានការ​ជជីក​សួរ​ដដែល​ជា​ដដែល​ថា គូប្រកួត​ដែល​លោក​ប៉ះ​ជាមួយ​ខ្លាំង​ដែរ​ឬ​ធម្មតា ?
យោង​តាម​ការ​ប្រកាស កីឡាករ Cheang Kai  ឆ្លងកាត់​ការ​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤៦​ដង ចាញ់​១៧​ដង និង​ស្មើ​២​ដង ដែល​តួលេខ​នេះ​អាច​អះអាង​ថា មាន​ចំណុច​ខ្ពស់​ជាង​កីឡាករ​កម្ពុជា​សម្រាប់​បទ​ពិសោធន៍​។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​កីឡាករ Cheang Kai ជា​កីឡាករ​លំដាប់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ឬ​គ្រាន់តែ​ជា​កីឡាករ​ធម្មតា​នោះ​ឡើយ ។ ប្រភព​ពី​អ្នក​បញ្ជូន​មក មិន​បាន​បង្ហាញ​ទិន្នន័យ​លម្អិត​ពាក់ព័ន្ធ​នឹង​កីឡាករ​រូប​នេះ​ទេ ដោយ​បាន​ត្រឹមតែ​អះអាង​ថា ទាល់តែ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ទើប​សម្រេច​ដាក់​ឲ្យ​ចុះ​មក​ប្រកួត​នៅ​កម្ពុជា ដើម្បី​កំដរ ផា​ន់ គ្រាន់ ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយ ទូរ ទស្សន៍​ អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ​ថៃ​ដែល​បាន​បញ្ជូន​ឲ្យ​មក​ប្រកួត បើ​ទោះជា​មាន​ចំណុច​ខ្វះខាត​ខ្លះ ប៉ុន្តែ​លោក​ទុកចិត្ត​គ្រប់គ្រាន់ ដោយសារ​តែ​លោក​ថៃ អ៊ូ ស្គាល់​ច្បាស់​ថា កីឡាករ​ថៃ​ប្រភេទ​ណា​ទើប​អាច​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​រូប​នេះ​បាន​។
លោក​ប្រើ​ពាក្យ​ប្រកបដោយ​ភាព​ជឿជាក់​ថា «​កីឡាករ​ដែល ថៃ អ៊ូ យក​មក​បើ​មិន​ខ្លាំង​គាត់​មិន​យក​មក​ទេ ព្រោះ​ពួក​យើង​បាន​ចុះ​កុងត្រា​ជាមួយ​គ្នា​ច្បាស់លាស់​!» ។ ក្រុម​អ្នក​ទស្សនា​នៅ​តែ​ជឿជាក់​ថា កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ នឹង​បង្កើន​តួលេខ​អ្នក​ចាញ់​ខ្លួន​ម្នាក់​ទៀត​សម្រាប់​ការ​ប្រកួត​មួយ​នេះ បើ​ទោះជា​កីឡាករ Cheang Kai មានការ​អះអាង​ថា មិនមែន​ជា​ជើង​ខ្លាំង​ធម្មតា ។ គាប់​ជួន​ជា​កីឡាករ​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៦០​ដង ឈ្នះ​៤៧​ដង ចាញ់​៨​ដង និង​ស្មើ​៥​ដង ដែល​ជា​តួលេខ​មិន​អន់​ជាង​ថៃ​ផង ទើប​ការ​ព្យាករ​ហាក់​លម្អៀង​ខ្លាំង​មក​លើ​កីឡាករ​រូប​នេះ ។ យ៉ាងណា​ក៏​ដោយ លោក​ញាណ សុធី និង​លោក​ថៃ អ៊ូ ប្រាប់​ថា ការ​ព្យាករ​បាន​ត្រឹមតែ​សន្និដ្ឋាន​ទុក​មុន​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​សម្រេច គឺ​ទាល់តែ​ការ​ប្រដាល់​នៅ​ថ្ងៃអាទិត្យ​នា​វេលា​ម៉ោង​២​រសៀល​នោះ​តទៅ ទើប​វាស់​ស្ទង់​ការ​ពិត​បាន ៕


Subscribe to this Blog via Email :