កម្ពុជា​បួងសួង​សូម​ឱ្យ​គេច​ផុត​ពី​ក្រុម​ខ្លាំង​ក្នុង​ការ​ប្រកួត​បន្ត​ក្រោយ​ឈ្នះ​ម៉ា​កាវ

·   0

ប្រភពមកពីៈhttp://kohsantepheapdaily.com.kh

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ម៉ា​កាវ​ក្នុង​លទ្ធផល​៤-១ សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ជើង ក្រុមបាល់ទាត់​របស់​ប្រទេស​កម្ពុជា នឹង​បាន​បោះ​ជំហាន​ទៅ​កាន់ការ​ប្រកួត​ក្នុង​ជុំ​ទី​២ ជា​បន្ត​ជាមួយ​ក្រុម​ប្រទេស​ចំនួន​៣៩ ផ្សេង​ទៀត​ប្រចាំ​ទ្វីបអាស៊ី ។ យ៉ាងណា​ក៏​ដោយ ក្រុម​កម្ពុជា​នៅ​មិន​ទាន់​ប្រាកដ​ពី​ក្ដី​សង្ឃឹម​នៅឡើយ​ទេ ដរាបណា​ការ​ចាប់ឆ្នោត​ចែក​ពូ​ល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា ត្រូវ​ឈរ​នៅ​ក្នុង​ពូ​ល​ដែល​មាន​ប្រទេស​ណាខ្លះ​ដែល​ខ្លួន​ត្រូវ​ប្រឈម ។
ជាមួយនឹង​លទ្ធផល​ដ៏​ត្រចះត្រចង់​ជូន​ជាតិ ក្រុមបាល់ទាត់​របស់​ប្រទេស​កម្ពុជា​ពិតជា​បាន​ឆ្លង​ផុត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ សម្រាប់​ក្រុម​ខ្សោយ​ទាំង​១២ ដូច​ការ​គ្រោងទុក ។ លទ្ធផល​ប្រកួត​ក្នុង​ទឹកដី​ឈ្នះ​៣-០ និង​ក្រៅ​ទឹកដី​ស្មើ​១-១ បាន​ជួយ​ឲ្យ​កម្ពុជា​មាន​គ្រាប់​បាល់​សរុប ឈ្នះ​គូបដិបក្ខ​ម៉ា​កាវ​៤-១ បោះ​ជំហាន​ទៅ​កាន់​ជុំ​ទី​២ ។ ក្នុង​ចំណោម​ក្រុម​ទាំង​១២ មាន​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​នោះ​រួម​មាន​កម្ពុជា ទី​ម័​រ​ខាងកើត ប៊ូ​តង់ ឥណ្ឌា និង​ចិនតៃវ៉ាន់ ខណៈ​ដែល​យ៉េ​មែន និង​ប៉ា​គី​ស្ថាន​កំពុង​ចាំ​អ៊ុត​មើល​ការ​ប្រកួត​ដែល​បាន​លើក​ពេល ។ ដ្បិតថា នេះ​ជា​ការ​ប្រកួត​កម្រិត​បឋម​សម្រាប់​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup ឬ​បាល់ទាត់​ពិភពលោក ប៉ុន្តែ​អ្នកគាំទ្រ​កម្ពុជា មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​មួយ​នេះ ។
ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​បន់ស្រន់​ស្ទើរ​គ្រប់​មាត់ សូម​ឲ្យ​ក្រុមបាល់ទាត់​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ។ ក្រុម​ប្រទេស​ដែល​មាន​កៅអី​ទៅ​កាន់​វគ្គ​បន្ត​ទាំង​៦ នឹង​ឡើង​ទៅ​បូក​ជាមួយ​៣៤​ក្រុម​ទៀត​ដែល​ឈរ​ចាំ​ស្រាប់​ប្រចាំ​ទ្វីបអាស៊ី​ទាំងមូល​ដើម្បី​ចាប់​ពូ​ល​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​២ ។ ក្រុម​ទាំង​៤០​នោះ ត្រូវ​ចែក​ជា​៨​ពូ​ល​ដោយ​មួយ​ពូ​ល​មាន​៥​ក្រុម ហើយ​តម្រូវ​ឲ្យ​ធ្វើការ​ប្រកួត​គ្នា​សន្សំ​ពិន្ទុ​ចុះឡើង​ៗ រហូត​រក​ឃើញ​អ្នក​ឈរ​លេខ​១​ក្នុង​ពូ​ល និង​អ្នក​ឈរ​លេខ​២​ក្នុង​ពូ​ល ។ ជំហាន​បន្ទាប់​នឹង​មាន​ក្រុម​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល​តែ​៤​ក្រុម​ប៉ុណ្ណោះ មានឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង​ជុំ​ទី​៣​។ ការ​កំណត់​នេះ​នឹង​ផ្ដោត​ជា​សំខាន់​លើ​គ្រាប់​បាល់​ដែល​ក្រុម​ប្រទេស​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២  ក្នុង​ពូ​ល​ទាំង​៨ សម្រេច​បាន ។
ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​៣ នឹង​មាន​ប្រទេស​តែ​១២​ប៉ុណ្ណោះ មានសំណាង​បាន​ឡើង​ទៅ​ប្រកួត ដោយ​៨​ក្រុម​បាន​ពី​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល និង​៤​ក្រុម​ទៀត​បាន​ពី​អ្នកមាន​គ្រាប់​បាល់​នាំមុខ​គេ​ក្នុង​ចំណោម​អ្នក​ឈរ​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​ពូ​ល ។ ក្រុម​ប្រទេស​ទាំង​១២ នឹង​បន្ត​ប្រកួតប្រជែង​គ្នា​ដោយ​តានតឹង​បំផុត ជម្រុះ​យក​តែ​៤​ក្រុម​ចុង​ក្រោយ​ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ប្រចាំឆ្នាំ​២០១៨ នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ។ ចំពោះ​ក្រុម​ប្រទេស​ដែល​រង់ចាំ​ស្រេច​ទាំង​៣៤​ប្រទេស​ដែល​ត្រៀម​ចាប់​ពូ​ល​ជាមួយ​ក្រុម​កម្ពុជា និង​៥​ក្រុម​ទៀត​ដែល​ទើបបាន​ឡើង​រួម​មាន កូរ៉េ​ខាងត្បូង អុ​ី​រ៉​ង់ ជប៉ុន ចិន អូស្ត្រាលី អ៊ូ​ស​បេ​គី​ស្ថាន អេ​មី​រ៉ាត​អា​រ៉ាប់​រួម កា​តា អូ​ម៉​ង់ ហ្ស៊​ក​ដា​នី អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អុ​ី​រ៉ា​ក់ ប៉ា​ឡេ​ស្ទី​ន លី​បង់ កូ​វ៉ែត ហ្វី​លី​ពី​ន ម៉ា​ល់​ឌី​វ វៀតណាម តា​ហ្ស៊ី​គី​ស្ថាន មី​យ៉ា​ន់​ម៉ា អា​ហ្វ​ហ្គា​នី​ស្ថាន ថៃ តួ​ក​មេ​នី​ស្ថាន កូរ៉េ​ខាងជើង ស៊ី​រី កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម៉ា​ឡេ​ស៊ី ហុងកុង សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី ឡាវ ហ្គា​ម និង​បង់​ក្លា​ដែ​ស ។
ក្រុម​ប្រទេស​ទាំងនេះ​នឹង​ធ្វើការ​ចាប់ឆ្នោត​ចែក​ពូ​ល នៅ​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៥ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១១ មិថុនា ២០១៥ រហូត​ដល់​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៦ ។ អ​ញ្ចឹ​ង​ហើយ ទើប​ក្រុម​អ្នកគាំទ្រ​របស់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​ភិតភ័យ និង​បួងសួង​សូម​ឲ្យ​ក្រុម​ប្រទេស​របស់​ខ្លួន​មាន​វាសនា​បាន​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ប្រទេស​ដែល​មាន​កម្រិត​ប្រហាក់ប្រហែល​ខ្លួន ឬ​អន់​ជាង​ខ្លួន ជា​ជាង​ប៉ះ​ជាមួយ​ក្រុម​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្លាំង​ដាច់​តែ​ម្ដង​ក្នុង​ជំហាន​ជម្រុះ​ជុំ​ទី​២​នេះ ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​អ្នក​តាមដាន​ព្រឹត្តិការណ៍​ជោគជ័យ​របស់​កម្ពុជា បង្ហោះ​សារ​ជូនពរ​ស្ទើរ​គ្រប់​គណនេយ្យ សុំ​កុំ​ឲ្យ​ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ប្រទេស​ខ្លាំង​ៗ ។ កម្ពុជា​នឹង​មានសំណាង​ល្អ ឬ​អាក្រក់ ត្រូវ​យោង​លើ​ជោគវាសនា​ក្នុង​ការ​ចាប់ឆ្នោត​ក្នុង​ជំហាន​នេះ ព្រោះ​បើ​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្សោយ​នៅ​ទ្វីបអាស៊ី​នោះ​ក្ដី​សង្ឃឹម​នឹង​កើនឡើង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ចែក​ពូ​ល ។ តើ​ក្រុម​ប្រទេស​ណាខ្លះ​ដែល​កម្ពុជា​គួរ​ចៀស​ឲ្យ​ផុត​ក្នុង​ជំហាន​ចែក​ពូ​ល ?
ជា​ការ​ពិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ទាំង​៣៩ ជា​គូប្រជែង គឺ​មិន​មាន​ក្រុម​ណា​ដែល​អសមត្ថភាព​ធ្វើ​ឲ្យ​កម្ពុជា​សង្ឃឹម​ខ្ពស់​នោះ​ទេ ដោយ​ក្រុម​ប្រទេស​ខ្លះ​ដ្បិតថា ទើបនឹង​មានមុខ​ចូល​ប្រកួត ឬ​កើត​ក្រោយ​កម្ពុជា​ក៏​ពិតមែន ក៏​មាន​កម្រិត​ខ្លាំងក្លា​គួរ​ឲ្យ​បារម្ភ ជាក់ស្ដែង​ដូច​ជា​ក្រុម​ទី​ម័​រ​ខាងកើត​ជាដើម ។ យ៉ាងណា​ក៏​ដោយ ក្រុម​កម្ពុជា​នឹង​មានសំណាង​អាច​រំលេច​ក្ដី​សង្ឃឹម​បាន​ល្អ​សម្រាប់​ការ​ប្រកួត ប្រសិនបើ​ការ​ចាប់​ពូ​ល គឺ​មិន​ស្ថិត​ក្នុង​ក្រុម​ជាមួយ​ប្រទេស​យក្ស​ៗ​នៅ​ទ្វីបអាស៊ី​ដែល​មាន​វិស័យ​បាល់ទាត់​រីក​ចម្រើន​ខ្លាំងក្លា ។ ក្រុម​ដែល​កម្ពុជា​បួងសួង​សូម​ឱ្យ​គេច​ឲ្យ​ផុត​រួម​មាន ជប៉ុន កូរ៉េ​ខាងត្បូង កូរ៉េ​ខាងជើង ចិន និង​អូស្ត្រាលី​ជាដើម ។ ក្នុង​នោះ​ក្រុម​នៃ​ប្រទេស​ក្បែរ​ខាង​រួម​មាន ថៃ សិង្ហ​បុរី និង​វៀតណាម ក៏​ជា​ឧបសគ្គ​សម្រាប់​ក្រុម​កម្ពុជា​ផង​ដែរ ប្រសិនបើ​ចាប់​ពូ​ល​បាន​ប៉ះ​ជាមួយ​។
យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​បាល់ទាត់​មិន​សុទ្ធតែ​សំអាង​ថា ក្រុម​ខ្លាំង​នឹង​ឈ្នះ​ក្រុម​ខ្សោយ​រហូត​នោះ​ទេ ដ្បិត​ជា​ភស្ដុ​តាង​ស្រាប់ ក្រុម​ប្រទេស​ដែល​មាន​ទម្រង់​លេង​ស្លូត​ៗ​មិនសូវ​កាច និង​មិន​មានការ​ចាប់អារម្មណ៍​ថា​អាច​ទៅ​រួច ក៏​អាច​បំបាក់​ក្រុម​ខ្លាំង​ដើម្បី​កាន់​ពាន​បាល់ទាត់​ពិភពលោក​ផង​ដែរ តួយ៉ាង​ដូច​ជា​ក្រុម​ប្រទេស​ក្រិ​ក​ដែល​បាន​កាន់​ពាន​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប ដោយ​នឹក​ស្មាន​មិន​ដល់​កាលពី​ឆ្នាំ​២០០៤ ដូច្នេះ​ដែរ ។ ជាមួយនឹង​ឧទាហរណ៍​នេះ​ក្រុម​ប្រទេស​កម្ពុជា​ដែល​គេ​ចាត់​ទុក​ថា ជា​ក្រុម​ខ្សោយ​មួយ​ក្នុង​ទ្វីបអាស៊ី ក៏​ពិតជា​ទទួល​ឱកាស​នោះ​ដូច​គ្នា ប្រសិនបើ​មានសំណាង​ផ្សំ​ជួយ​ក្នុង​ពេល​ប្រកួត​ជាក់ស្ដែង ។ ជា​ពិសេស​បើ​ការ​ចាប់​ពូ​ល​ជួយ​ឲ្យ​ក្រុម​កម្ពុជា បាន​ប៉ះ​ក្រុម​ប្រទេស​ដែល​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​នឹង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន​ពី​ការ​ប្រកួត​ឈ្នះ​តាម​ជំហាន​ជា​លំដាប់​ៗ គឺ​ពិតជា​អាច​ទប់​ក្រុម​ខ្លាំង​ក្នុង​ជុំ​បន្តបន្ទាប់ ដណ្ដើម​បាន​កៅអី​ទៅ​កាន់ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ជាក់​ជា​មិន​ខាន ។
អ្វី​ៗ​មាន​តែ​ការ​ជូនពរ និង​បួងសួង សូម​ឲ្យ​ក្រុមបាល់ទាត់​របស់​កម្ពុជា​ជួប​សំណាងល្អ​តាម​ការ​ចង់បាន​ប៉ុណ្ណោះ​ដើម្បី​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ ដែល​ជា​ការ​ស្រេកឃ្លាន​ខ្លាំង​បំផុត​របស់​ប្រជាជន​ខ្មែរ និង​ជនរួមជាតិ​នៅ​ក្រៅប្រទេស ៕


Subscribe to this Blog via Email :