រដ្ឋធម្មនុញ្ញកម្ពុជា​ អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ

·   0

ប្រភពមកពីៈ​https://km.wikipedia.org
រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​ តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។
ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ និង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ០៦​ លើក​ (ខែ​ កក្កដា​ ឆ្នាំ ​១៩៩៤, ខែ​ មីនា​ ឆ្នាំ​ ១៩៩៩,​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១, ខែ​ មិថុនា​ ឆ្នាំ ២០០៥, ខែ​ មីនា​ ឆ្នាំ​ ២០០៦​ និង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨) ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឲ្យ​ប្រើប្រាស់។ 
មាត្រា​ ១៣៦​ ថ្មី.-
ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។
ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សិទ្ធិ​ពិនិត្យ​ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។
មាត្រា​ ១៣៧​ ថ្មី.-(មាត្រា​ ១១៨ ចាស់)
ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ ប្រាំ​បួន​រូប​ ដែល​ទទួល​អាណត្តិ​ប្រាំបួន​ឆ្នាំ។​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំនួន​មួយ​ភាគ​បី​ ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ម្ដង​បី​ឆ្នាំ​ម្ដង។​ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​បី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ ហើយ​បី​រូប​ទៀត​ ត្រូវ​តែងតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។
ប្រធាន​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។​ ប្រធាន​មាន​សម្លេង​ឧត្ដមានុភាព​ ក្នុង​ករណី​បែក​សម្លេង​ជា​ពីរ​ស្មើ​គ្នា។

មាត្រា​ ១៣៨​ ថ្មី.-(មាត្រា​ ១១៩​ ចាស់)
សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​​ដែល​មាន​សញ្ញាប័ត្រ​ចាប់​ពី​ឧត្ដម​ សិក្សា​ទៅ​ ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​ពិសោធន៍​ច្រើន​ក្នុង​ការងារ។

មាត្រា​ ១៣៩​ ថ្មី.-​
មុខងារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​វិសមិតភាព​នឹង​មុខងារ​សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ សមាជិក​រាជរដ្ឋាភិបាល​ ចៅក្រម​ក្នុង​តំណែង​ ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ​ ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ប្រធាន​ ឬ​អនុប្រធាន​សហជីព។

មាត្រា​ ១៤០​ ថ្មី.-
ព្រះមហាក្សត្រ​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​ អនុម័ត​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ។
បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀបចំ​អង្គការ​ទាំងឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឱ្យ​ប្រើ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​សម្រេច​ក្នុង​រយៈពេល​ សាមសិប​ (៣០)​ ថ្ងៃ​យ៉ាង​យូរ​ ថា​តើ​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ខាង​លើ​ស្រប​ ឬ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

មាត្រា​ ១៤១​ ថ្មី.-
ក្រោយ​ពី​ច្បាប់​ណា​មួយ​ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា​ ចំនួន​មួយ​ភាគ​បួន​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ឬ​តុលាការ​ អាច​សុំ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់ ​នោះ។
ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​បាន​ តាម​រយៈ​តំណាងរាស្ត្រ​ ឬ​ ប្រធាន​រដ្ឋសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ឬ​ប្រធាន​ព្រឹទ្ធសភា​ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាងលើ។

មាត្រា​ ១៤២ ថ្មី.-(មាត្រា​ ១២៣​ ចាស់)
បទប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្ត​បាន​ឡើយ។
សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។

មាត្រា​ ១៤៣​ ថ្មី.-(មាត្រា​ ១២៤​ ចាស់)
ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។

មាត្រា​ ១៤៤​ ថ្មី.-(មាត្រា​ ១២៥​ ចាស់)
ច្បាប់​រៀបចំ​អង្គការ​មួយ​នឹង​កំណត់​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។




មានវីដេអូ
ប្រភពមកពីៈhttps://www.youtube.com

Subscribe to this Blog via Email :